សមត្ថកិច្ចចាប់ខ្លួនអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធការរំលោភដីរដ្ឋប្រមាណ១ពាន់ហិកតា

សមត្ថកិច្ចចាប់ខ្លួន អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក សេង សុវណ្ណារ៉ា នៅរសៀល ថ្ងៃទី២៦ ខែមិថុនា ពាក់ព័ន្ធករណីរំលោភដីសាធារណរបស់រដ្ឋប្រមាណ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី ។

សារព័ត៌មានស្និតរដ្ឋាភិបាល Fresh News ចុះផ្សាយនៅល្ងាចនេះបានឱ្យដឹងថា លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន នៅខណៈលោកចូលទៅបំភ្លឺករណីរំលោភលើដីសាធារណៈរបស់រដ្ឋប្រមាណ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី។

ព្រះរាជក្រឹត្យនៅថ្ងៃទី២៤ខែសីហានេះ តាមការស្នើឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបញ្ចប់តួនាទីរបស់លោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។

ការបញ្ចប់តំណែងអតីតមន្ត្រីក្រសួងយុត្តិធម៌លោក សេង សុវណ្ណារ៉ា ក្រោយពេលរដ្ឋាភិបាលរកឃើញថាលោក មានជម្លោះដីធ្លីជាមួយជនជាតិដើមភាគតិចចំនួន ៥៥គ្រួសារ នៅក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរីលើទំហំដី ៤៧២ ហិកតា។

បន្ថែមពីនេះ មន្ត្រីរូបនេះក៏រងការចោទប្រកាន់ថា កាន់កាប់ដីក្នុងតំបន់អភិរក្សភ្នំព្រិចខេត្តមណ្ឌលគិរីជិត១ពាន់ហិកតា តាំងពីខែមករាឆ្នាំ២០១៩ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវដកហូតវិញនៅដើមខែសីហាថែមទៀតផង។

ក្រៅពីដកតំណែងពីអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក៏បានសម្រេចដកតំណែងលោក សេង សុវណ្ណារ៉ា ចេញពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរីផងដែរ។

លោក សេង សវុណ្ណារ៉ា និងសហការីរបស់លោកម្នាក់ទៀតឈ្មោះ យីម៉ៅ ជាជនដៃដល់ ដែលតែងដឹកនាំកំលាំងនិស្សិតក្មេងវត្តរបស់រដ្ឋាភិបាល ចុះបង្ក្រាបយ៉ាងហិង្សាទៅលើ រាល់ការធ្វើបាតុកម្ម របស់ក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងក្រុមនិស្សិតឯករាជ្យ ផ្សេងៗទៀតកាលពីអំឡុងឆ្នាំ២០០០ ដែលពួកគេតែងតវ៉ាអំពីបញ្ហាព្រំដែន ជនអន្តោប្រវេសន្តខុសច្បាប់ និងអយុត្តិធម៌សង្គម៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.