តើប្រទេសកម្ពុជាក្នុងសតវត្សទី១៩ និង សតវត្សទី២១ ខុសគ្នាយ៉ាងណា?

យើងខ្ញុំឧស្សាហ៍ពិនិត្យមើលប្រវត្តិសាស្រ្តសរសេរ ចងក្រងដោយអ្នកនិពន្ធបស្ចិមប្រទេស អំពីទំនាក់ទំនងរវាងជនជាតិខ្មែរ និង ជនជាតិយួន ឬ គិញ ព្រោះថាអ្នកសរសេរមិនសូវមានផលប្រយោជន៍អ្វីក្នុងតំបន់ឥណ្ឌូចិន ក្រៅតែពីចងក្រងប្រវត្តិសាស្រ្តពិភពលោកសម្រាប់ការរៀនសូត្ររបស់មនុស្សជាតិ។

យើងខ្ញុំមិនស្រង់ប្រភពពីអ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្តរវាង ខ្មែរ−យួន ព្រោះតែភាគីពាក់ព័ន្ធជាជនជាតិខ្មែរ និង ជនជាតិយួន មានផលប្រយោជន៍នឹងគ្នាច្រើន ទាំងខាងនយោបាយ ខាងយោធា ការទូត សេដ្ឋកិច្ច និង សង្គមកិច្ច។

ការធ្វើបដិវត្តន៍របស់ពួកឆ្វេងនិយម ឬហៅថា កុម្មុយនិស្ត គឺសំដៅរំលាយឲ្យអស់ស្លាកស្នាមរបបចាស់ គឺរបបសក្តិភូមិ នាយទុន មូលធននិយម វណ្ណៈជិះជាន់  កេងប្រវ័ញ្ច ពុករលួយទាំងសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ហើយប្តូរជំនួសវិញដោយរបបថ្មី រួមទាំងវប្បធម៌ និង ពាក្យពេចន៍ ថ្មីផងក្នុងសង្គមថ្មីរបស់គេនោះ។

យើងសូមលើកឧទាហរណ៍ខ្លះ ដូចជារឿងប្រើពាក្យ យួន៖ ខ្មែរបានស្គាល់ បានហៅជនជាតិមួយថា យួនៗ ជាច្រើនរយឆ្នាំមកហើយ  ហើយជនជាតិ យួន រស់ក្នុងស្រុកខ្មែរជាអាណិក ជន ក៏មិនដែលតវ៉ាឲ្យរដ្ឋាភិបាលខ្មែរធ្វើច្បាប់កំណត់កុំឲ្យខ្មែរហៅគេថា យួន ដែរ។ ទើបតែពេលពួកកុម្មុយនិស្តឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥ រដ្ឋអំណាចកុម្មុយនិស្តក្រុងហាណូយ បានកំណត់ពាក្យ ពេចន៍ឲ្យប្រើប្រាស់តាមទិសដៅបក្សកុម្មុយនិស្តយួន មិនខុសពីការកំណត់ភាសាខ្មែរឲ្យខ្មែរប្រើនាសម័យខ្មែរក្រ ហមក្រោយឆ្នាំ១៩៧៥នោះទេ។ គេកំណត់ឲ្យខ្មែរហៅ ខ្មែរខ្លួនឯងជាជនជាតិ កម្ពុជា ហៅយួនថា ជនជាតិវៀត ណាម ហៅជនជាតិលាវ ថាជនជាតិ ឡាវ។ ចំណែកឯជន ជាតិភាគតិចតំបន់ខ្ពង់រាបកណ្តាលប្រទេសយៀកណាម ហៅតាមពាក្យ បារាំងថា ម៉ុងតាញ៉ា ដែលមានប្រមាណជិត៣០ជនជាតិ ដូចជា រ៉ាដេ ចារ៉ាយ ប៉ាណាក កហូ

រ៉ូគ្លាយ ជាដើម ក៏ត្រូវហៅថា ជនជាតិយៀកណាម។ ដូច្នេះ ជនជាតិទាំងនោះ នឹងបាត់បង់អត្ត សញ្ញាណរបស់គេ ដែលវាស្មើនឹងជនជាតិអត់ពូជអត់អម្បូរ មិនដឹងជាមកពីណា។ រីឯជនជាតិវៀតណាមខ្លួនឯង ឬ យួន នោះ គេក៏មានឈ្មោះផ្សេងជា គិញ ដែរ ដែលប្រែថាអ្នកផ្សារ អ្នក ក្រុង អ្នកជំនួញ មានន័យស្មើនឹងមនុស្សទាន់សម័យ មនុស្សឆ្លាតវៃ។

ម្យ៉ាងទៀត គំនិតអ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្តអាចមានគំនិត ចេតនាលំអៀង ប្រាសចាក ការពិត ព្រោះតែអ្នកសរសេរស្ថិតក្រោមសម្ពាធនយោបាយ យោធា ព្រម ទាំងការជំពាក់គុណ គ្នា។ យើងខ្ញុំសូមរំឭកថា រឿងហេតុក្នុងប្រវត្តិសាស្រ្តរវាងជនជាតិខ្មែរ និង ជនជាតិយួន មានការសរសេរបកស្រាយខុសគ្នាលើរឿងតែមួយដូចគ្នា រវាងអ្នកសរសេរជាជនជាតិខ្មែរ និង ជនជាតិយួន ហើយ និងជនបរទេសនៅបស្ចិមទិស ដោយហេតុ ដូចពាក្យគេនិយាយ ថា អ្នកឈ្នះ ជាអ្នកសរសេរប្រវត្តិសាស្រ្ត។

យើងសូមពិនិត្យមើលប្រវត្តិសាស្រ្តខ្មែរអំពីរបាក្សត្រ ឬ រាជពង្សាវតារ ឬ ក្រសែស្តេចខ្មែរពី សតវត្សទី១៨ ដល់សតវត្សទី១៩ ពីឆ្នាំ១៧៩៦ ទៅឆ្នាំ១៨៦៨ តែប៉ុណ្ណោះ ព្រោះថា ការកត់ត្រាពង្សាវតារ ឬ ប្រវត្តិសាស្រ្តខ្មែរ ចាប់ ផ្តើមឡើងនៅឆ្នាំ១៧៩៦ គេកត់ត្រាត្រឡប់ក្រោយទៅសម័យអង្គរដ៏រុងរឿង ដែលគេចាត់ទុកជា មជ្ឈិមសម័យ ឬ យុគកណ្តាលនៃប្រវត្តិសាស្រ្តអាណាចក្កខ្មែរ គឺផ្តោតពីឆ្នាំ១៣០០ជាង ដល់សតវត្សទី១៦។ អ្នកកត់ត្រារាជ ពង្សាវតារខ្មែរខ្លះមានឫសគល់ក្នុងស្រុកខ្មែរ ដូចជា សម្តេចចៅហ្វាវំាង ជួន ព្រះសង្ឃវត្ត គោកកក់ ឧកញ៉ា

វង្សា សារាពេជ្រ ហៅ នង ក្នុងរជ្ជកាលព្រះបាទ អង្គចន្ទ ចងក្រងសាវតារពីឆ្នាំ១៤១៤ ដល់ឆ្នាំ១៨០០ជាដើម អ្នក កត់ត្រារាជពង្សាវតារខ្មែរខ្លះ ជាជនជាតិថៃ សរសេរជាភាសាថៃ ហើយតម្កល់ទុកនៅប្រទេសថៃ។

ព្រះបាទ អង្គចន្ទ ទី២ ជារាជបុត្រាព្រះបាទ អង្គអេង ដែលសុគតនៅឆ្នាំ១៧៩៦ ព្រះអង្គមានព្រះជន្មតែ៥ព្រះវស្សានៅឡើយ។ រាជវង្សទទួលរាជានុសិទ្ធិ ជារាជទាយាទ ឬ អ្នកគ្រងរាជ្យបណ្តោះអាសន្ន គឺព្រះអង្គម្ចាស់ សម្តេចចៅហ្វា ប៉ុក ព្រះនាមជាថៃថា ថៈលៈហៈ ប៉ុក។ ព្រះចៅក្រុងសៀមមិនទាន់អនុញ្ញាតឲ្យព្រះ អង្គចន្ទ យាងធ្វើមាតុភូមិនិវត្តិន៍ទេ រហូតដល់សម្តេចចៅហ្វា ប៉ុក សុគតនៅឆ្នាំ១៨០៦។ ស្តេចថៃអភិសេកព្រះ អង្គចន្ទ ជាព្រះរាជា ឬ ស្តេច ឲ្យសោយរាជ្យ មានព្រះនាមថា ព្រះបាទ ឧទ័យ ទី៣ តែដើម្បីឲ្យមានអំណាចពេញទំហឹងលើព្រះអនុជពីរអង្គទៀត គឺ ព្រះ អង្គស្ងួន និង ព្រះ អង្គអិមដែលជិតស្និទ្ធនឹងសៀម ព្រះបាទ អង្គចន្ទ ងាកទៅស្និទ្ធស្នាលនឹងយួន។ ឆ្នាំ១៨០៧ ព្រះបាទអង្គចន្ទ ផ្តើមលើកសួយសារអាករទៅថ្វាយព្រះចៅអធិរាជ អាណាម។ ព្រះចៅក្រុង វ៉េ បញ្ជូនមន្រ្តីយួនពីរនាក់ឈ្មោះ ង៉ោ ញ៉ាន់ទិញ និង ត្រាន់ កុងដាន់ ទៅកាន់រាជធានី លង្វែក ហើយថ្វាយព្រះបរមងារថា ចៅមៀន កុកវឿង ដែលមានន័យថា ព្រះរាជាកម្ពុជា។

ព្រះចៅក្រុងសៀម ទាមទារឲ្យព្រះបាទ អង្គចន្ទ ប្រទានងារ ថានៈដល់ព្រះអនុជ អង្គស្ងួន និង អង្គអិម ជា ឧបយុវរាជ និង ឧបរាជ ប៉ុន្តែ ព្រះបាទ អង្គចន្ទ ជាព្រះរាម បដិសេធ។ ដោយមានសៀមជួយជ្រោមជ្រែង ព្រះ អង្គស្ងួន រំលំ ព្រះ អង្គចន្ទ នៅឆ្នាំ១៨១១។ ព្រះ អង្គចន្ទ ភៀសទៅព្រៃនគរ ហើយសៀមក៏អភិសេកព្រះ អង្គស្ងួន និង ព្រះ អង្គអិម ជារាជទាយាទបណ្តោះអាសន្ន។ ឆ្នាំ១៨១៣ មេទ័ពជើងគោកយួនឈ្មោះ ឡេ វ៉ាន់ឌ្យៀត (Le Van Duyet) ដឹកនាំទ័ពវាយយកក្រុងឧដុង្គកាន់កាប់។ ព្រះ អង្គចន្ទ យាងវិលមកកម្ពុជាវិញជាមួយកងទ័ពយួន។

ក្នុងប្រវត្តិសាស្រ្តខ្មែរត្រង់ចំ ណុចនេះ វាមានភាពស្រដៀងរឿងរ៉ាវនៅឆ្នាំ១៩៧៩។ ព្រះ អង្គស្ងួន និង ព្រះ អង្គអិម ក៏ភៀសទៅស្រុកសៀមវិញ។ បន្ទាប់ពីការបះបោរដណ្តើមរាជ្យរវាងបងប្អូន កង ទ័ពយួន ក៏លើកបន្តុបព្រះបាទ អង្គចន្ទ ទី២ ឡើងវិញ ហើយកម្ពុជា ក៏ស្ថិតក្រោមកិច្ចការពាររបស់យួន។ យួនសង់ប៉មបន្ទាយ២៖ មួយនៅក្រុងភ្នំពេញ ខ្មែរសម័យនោះហៅ ក្រុងចតុមុខសិរីមង្គល ឬ ក្រុងចតុមុខ យួនហៅថា ណាមយ៉ាង ឬ ណាមវ៉ាង មួយទៀតនៅស្រុកល្វាឯម (អែម) ឬ ល្វាផ្អែម ខេត្តកណ្តាល យួនហៅថា ឡាយែម ដើម្បីបោះទីតាំងទ័ព។ យួនដាក់ទ័ព ១០០០នាក់ ក្រោមបញ្ជាការមេទ័ពឈ្មោះ ង្វៀង វ៉ាន់ធ្វោយ (Nguyen Van Thoai)ដើម្បីការពារព្រះបាទ អង្គចន្ទ ទី២ ឬព្រះបាទ ឧទ័យរាជា ទី៣។ ង្វៀង វ៉ាន់ធ្វោយ ទទួលបញ្ជាឲ្យប្រមូល កត់ ត្រារាជពង្សាវតារខ្មែរនៅឆ្នាំ១៨១៨។ ព្រះបាទ អង្គចន្ទ ទី២ មានមហេសី តាមលំដាប់ដូចតទៅនេះ៖ អ្នកម្នាង ទេវី, អ្នកម្នាង ក្រចាប់, អ្នកម្នាង យស់, អ្នកម្នាង ប៉ែន ដែលមាន រាជបុត្រី៤អង្គ និង បុត្រា១អង្គ ជាបុត្រទី៥ ប៉ុន្តែសុគត គឺ អង្គ បែន, អង្គ ម៉ី, អង្គ ពៅ, អង្គ ស្ងួន និង អង្គ ពោកំបោរ។

ឆ្នាំ១៨១៩ ព្រះបាទ អង្គចន្ទ ទី២ បញ្ជូនកម្លាំងពលកម្មប្រជារាស្រ្តចំនួន៥០០០នាក់ ដើម្បីទៅ ជីកព្រែក វិញតេ ភាគខាងត្បូងប្រទេស អាណាម ប្រវែង៨៧គីឡូម៉ែត្រ ភ្ជាប់ផ្លូវទឹករវាងខេត្ត ចាវដុក និង ខេត្ត ហាទៀង។ ក្នុងប្រវត្តិសាស្រ្តខ្មែរត្រង់ចំណុចនេះ វាមានភាពស្រដៀងរឿង រ៉ាវក្នុងផែនការ ក−៥ ពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៨៦។

មួយឆ្នាំក្រោយមក ឆ្នាំ១៨២០ ប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយព្រះសង្ឃ បះបោរ រើបម្រះ ប្រ ឆាំងនឹងការប្រើប្រាស់ខ្មែរជីក ព្រែក វិញតេ ដូចកញ្ជះដាច់ថ្លៃរបស់យួន ប៉ុន្តែកងទ័ពយួនបង្រ្កាបឬសម្លាប់អ្នកប្រឆាំងស្ទើរតែអស់។ តើប្រមាណ២០០ឆ្នាំក្រោយមក ខ្មែរដូចម្តេចដែរ?

ភាគទី៣ អំពី ផ្នត់គំនិតអ្នកដឹកនាំយួនចំពោះជនជាតិខ្មែរ សូមជូននៅសប្តាហ៍ក្រោយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.