អង្គការលើកលែងទោសអន្តរជាតិចាត់សិទ្ធិមនុស្សក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដូចគ្នាទៅនឹងសិទ្ធិមនុស្សក្នុងរបប ប៉ុល ពត

មន្ត្រីជាន់ខ្ពស់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧបត្តិវហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការធ្វើទុក្ខបុកម្នេញ និងជាការគម្រាមកំហែងទៅដល់ក្រុមអ្នកការពារសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោក Ming Yu Hah នាយកប្រតិបត្តិរងប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងក្រុមអ្នកតវ៉ាទាំងនោះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ត្បិតនេះជាអំពើខុសទៅនឹងច្បាប់របស់កម្ពុជាខ្លួនឯងផង និងខុសទៅនឹងច្បាប់ស្តីពីសិទ្ធិមនុស្សជាសកលនៅលើពិភពលោកផង។

លោក Ming Yu Hah អះអាងថា អ្នកជាប់ឃុំដោយសារការតវ៉ាទាមទារសិទ្ធិសេរីភាពដែលរដ្ឋាភិបាលក្រុងភ្នំពេញបានឃាត់ខ្លួនទាំងនោះ ត្រូវបានអង្គការលើកលែងទោសអន្តរជាតិចាត់ទុកថា ជាអ្នកទោសមនសិការតែប៉ុណ្ណោះ ដែលផ្ទុយទៅនឹងការចោទប្រកាន់របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការកម្ពុជាទាំងស្រុង។

ជាងនេះទៀត លោកអះអាងថា ការប្តេជ្ញាចិត្តលុបបំបាត់ អ្នកក្រុមអ្នកតវ៉ាការពារសិទ្ធមនុស្ស និងការពារយុត្តិធម៌សង្គម របស់រដ្ឋាភិបាលលោក ហ៊ុនសែន គឺជាការរំលោភសិទ្ធមូលដ្ឋានរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ការរិះគន់នេះធ្វើឡើងក្រោយលោក ហ៊ុន សែន គម្រាមចាប់ខ្លួនអ្នករិះគន់ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ម្តងមួយៗដោយគ្មានការអនុគ្រោះជាដាច់ខាត។ លោក ហ៊ុន សែន អះអាងថា ការរិះគន់របស់ពួកគេជាការញុះញង់ បង្ករឲ្យមានអសន្តិសុខសង្គមដែលខុសទៅនឹងមាត្រា ៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងនាំឲ្យមានសង្គ្រាមជាមួយនឹងប្រទេសជិតខាងទៀតផង។

ក្នុងរយៈពេលជាង ១ ខែកន្លងមកនេះ អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនអ្នកតវ៉ាចំននួន ១៤ នាក់ហើយ ពួកគេព្រមានថានឹងបន្តចាប់ខ្លូនក្រុមអ្នកតវ៉ាទាំងនោះជាបន្តទៀត ។ ចំណែកក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម បានអះអាងថា បច្ចុប្បន្ននេះអាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនសកម្មជនការពារព្រៃឈើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកសារព័ត៌មាន ប្រមាណជាង៥០នាក់ហើយ។

កាលពីថ្ងៃទី០៨ ខែកញ្ញា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃចោទថា ការធ្វើសកម្មភាពរបស់ក្រុមយុវជនខ្មែរថាវរៈ និងក្រុមចលនាមាតាធម្មជាតិនោះគឺមានអង្គការចាត់តាំងពីខាងក្រោយដើម្បីធ្វើសកម្មភាពតវ៉ានាំឲ្យមានភាពវឹកវរក្នុងសង្គម។ មន្ត្រីរូបនេះ ព្រមានថា ទោះបីជាគុកចង្អៀត តែដើម្បីរក្សាសន្តិភាព ទោះចាប់ខ្លួនមនុស្ស១០នាក់ថែមទៀតក៏អាចធ្វើបានដែរ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន បានលើកឡើងក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៥ ថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការប្រើប្រាស់បទបញ្ញតិ្តនៃក្រមពហ្មទណ្ឌមិនត្រឹមត្រូវ ក្នុងចេតនារារាំងការរិះគន់ដោយសន្តិវិធី និងការទាមទារជាសាធារណៈទៅកាន់រដ្ឋាភិបាលរបស់ខ្លួន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.