សហភាពអឺរ៉ុបព្យួរឋានៈសិទ្ធិមនុស្ស និងសេរីភាពអ្នកស្រីអ៊ុងសានសូជីដោយសារឃុបឃិតនឹងពួកយោធា

អ្នកស្រីអ៊ុងសានសូជី ទំនងក្លាយជាមនុស្សដំបូងគេ ដែលសភាសហភាពអឺរ៉ុប បានសម្រេចព្យួរឋានៈសិទ្ធិមនុស្ស និងសេរីភាពរបស់អ្នកស្រី ដោយសារត្រូវបានចោទថាបានឃុបឃិតនឹងពួកយោធាក្នុងការបង្កើតការសម្លាប់និងធ្វើទុក្ខទោសទៅលើសហគមន៍ម៉ូស្លីមរូហ៊ីងយ៉ា។

តាមសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា សភាសហភាពអឺរ៉ុកាលពីថ្ងៃទី១០ ខែកញ្ញាបានសម្រេចព្យួរឈ្មោះ  អ្នកស្រីអ៊ុងសានសូជីពីក្រុមអ្នកឈ្នះពានរង្វាន់សិទ្ធិមនុស្ស កម្រិតអន្តរជាតិខ្ពស់បំផុតនេះ ដោយសារតែអ្នកស្រី បរាជ័យមិនបានជួយទប់ស្កាត់ ពួកយោធាដែលបានវាយបង្រ្កាបទៅលើ ក្រុមមូស្លិមរ៉ូហ៊ីងយ៉ាហើយបណ្ដាលអោយស្លាប់ជាច្រើនរយនាក់។

អ្នកស្រីសូជីគឺជាអ្នកទោស នយោបាយ យូរជាងគេបំផុតនៅអាស៊ី។ អ្នកស្រី ជាអ្នកទោសនយោបាយនៃរបបសឹកភូមា។ អ្នកស្រីបានទទួលពានរង្វាន់ណូបែលសន្តិភាព ផ្នែកសិទ្ធិមនុស្ស នៅឆ្នាំ១៩៩១ ដែលអំឡុងពេលនោះអ្នកស្រីមិនបានមកទទួលពាននេះដោយផ្ទាល់នោះទេ ព្រោះអ្នកស្រីកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ។

អ្នកស្រីបានឡើងកាន់អំណាច នៅប្រទេសភូមា ដែលមានតួនាទីជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេស។ អ្នកស្រីបានឡើងកាន់តំណែងនេះ បន្ទាប់ពីបក្សរបស់អ្នកស្រីបានដណ្ដើមអំណាចពីពួកយោធានៅក្នុងការបោះឆ្នោត ឆ្នាំ២០១៥។

ប៉ុន្តែបក្សរបស់អ្នកស្រី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានកាន់អំណាច ដោយគ្រប់គ្រងតែស្ថាប័នស៊ីវិលប៉ុណ្ណោះ រីឯស្ថាប័នសន្តិសុខជាតិ មិនត្រូវបានពួកយោធា ប្រគល់អោយនោះទេ។ ប៉ុន្តែនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ អ្នកស្រី បានទាត់ចោលការធ្វើសេចក្ដីរាយការណ៍អំពីការដឹកនាំរបស់អ្នកស្រី ដែលរកឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅ លើសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា បណ្ដាលអោយមានការរត់គេចខ្លួនទៅនៅប្រទេសបង់ក្លាដេស ជាង៧ពាន់នាក់ កាលពីឆ្នាំ២០១៧។

របាយការណ៍របស់គណៈកម្មាធិការសិទិ្ធមនុស្ស អង្គការសហប្រជាជាតិបានហៅថាជាយុទ្ធនាការរបស់ពួកយោធាបងង្រ្កាបជនស៊ីវិល ។ ក្នុងយុទ្ធនាការនេះ មានការបាញ់សម្លាប់ ការធ្វើទារុណកម្ម លើសហគមន៍រ៉ូហ៊ីងយ៉ា រាប់រយនាក់។

សេចក្ដីសម្រេចរបស់សភា សហភាពអឺរ៉ុប បានដកសិទ្ធិអ្នកស្រីអ៊ុងសានសូជីពីបញ្ជីឈ្មោះ នៃពានរង្វាន់ Sakharov  កំរិតអន្តរជាតិ ហើយបានបិទសិទ្ធិអ្នកស្រីមិនឲ្យឡើងវេទិកាសិទ្ធិមនុស្សប្រសិនបើវេទិកានេះធ្វើឡើងអឺរ៉ុប។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ សភាសហភាពអឺរ៉ុប ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី១០កញ្ញា។

Sakharov  គឺជារង្វាន់អឺរ៉ុប ប្រគល់ជូន ជនល្បីល្បាញ ក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ និងសេរីភាព ។ អ្នកស្រីអ៊ុងសានសូជីបានទទួលពានរង្វាន់នេះ នៅឆ្នាំ១៩៩០ គឺមួយឆ្នាំមុនពេលដែលអ្នកស្រីបានទទួលពានរង្វាន់ណូបែលសន្តិភាព ដែលជាពានរង្វាន់សម្រាប់អ្នកតស៊ូមតិដើម្បីសេរីភាព និងសិទ្ធិមនុស្ស។

ជាមួយគ្នានេះ កាលពីឆ្នាំ២០១៩ គណៈកម្មាធិការពានរង្វាន់ណូបែល ក៏បានដកឈ្មោះអ្នកស្រី ពីជនល្បីល្បាញនៃការទទួលបានពានរង្វាន់នេះដែរ ក៏ព្រោះតែអ្នកស្រីត្រូវបានចោទថា បានបណ្ដោយ ពួកយោធាវាយបង្រ្កាបលើសហគមន៍ម៉ូស្លីមរ៉ូហីងយ៉ា។

ក្នុងករណីនេះ ពួកឧត្តមសេនីយ៍យ៉ាងតិច ៧នាក់ត្រូវបានរដ្ឋសភាសហភាពអឺរ៉ុបបិទទិដ្ឋាការហាមចូលអឺរ៉ុប។ ប៉ុន្តែអ្នកស្រីសូជីពុំមានឈ្មោះ ក្នុងបញ្ជីខ្មៅហាមធ្វើដំណើរទៅអឺរ៉ុបនោះទេ។

ក្នុងឋានៈជាទីប្រឹក្សារដ្ឋ អ្នកស្រីសូជីមិនបានចាប់កំហុស ពួកយោធានោះទេ ហើយមិនតែប៉ុណ្ណោះ អ្នកស្រីបានបដិសេធ ចំពោះការចោទថា មានការបង្កើតរបបប្រល័យពូជសាសន៍ ទៅលើ សហគមន៍រ៉ូហ៊ីងយ៉ា ហើយ អ្នកស្រីបានសម្រេចទៅការពារក្ដី ជំនួសពួកយោធា នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេប្រទេសហូឡង់។

តែអ្នកសង្កេតការណ៍ បានហៅអ្នកស្រីសូជីថាជា មេដឹកនាំភូមា ដែលស៊ូទ្រាំរស់នៅជាមួយពួកយោធា ដែលមានឥទ្ធិពលលើគណបក្សកាន់អំណាចរបស់អ្នកស្រីព្រោះពួកយោធាកាន់អំណាចលើ ដែនយុត្តាធិការសន្តិសុខប្រទេស ដែលពួកយោធាមានសិទ្ធិបើកការវាយបង្រ្កាប លើ ក្រុមប្រដាប់អាវុធ ដើម្បីស្ថេរភាពប្រទេស។

រឿងនេះហើយ ដែលអ្នកស្រីសូជីត្រូវស៊ូទាំ្រដើម្បីបានដឹកនាំប្រទេសភូមាទៅរកការបោះឆ្នោត តាមបែបប្រជាធិបតេយ្យមួយអាណត្តិទៀត ជាជាងទុកឱកាសអោយពួកយោធា បន្តកាន់អំណាច។ ប្រទេសភូមានឹងរៀបចំអោយមានព្រឹត្តិការណ៍បោះឆ្នោត សាកល នៅដើមខែវិច្ឆិកាឆ្នាំ២០២០។

សម្រាប់អ្នកស្រីដែលជាប្រធានគណបក្សកាន់អំណាច គឺគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ នៅតែមានប្រជាប្រិយភាពច្រើនគេ បើទោះបីអ្នកស្រីរងការរិះគន់ថា បណ្ដោយអោយពួកយោធា រំលោភសិទ្ធិមនុស្ស ជាពិសេស ទៅលើសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ាក៏ដោយ។ សម្រាប់ជនជាតិភូមា អ្នកស្រី និងគណប្សរបស់អ្នកស្រី នៅតែត្រូវបានចាត់ទុកថាជានិមិ្មតរូបតែមួយគត់នៃកម្លាំងអ្នកប្រជាធិបតេយ្យរួបរួមក្នុងការទប់ស្កាត់ការវិលមកវិញនៃរបបសឹក៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.