នាយករដ្ឋមន្ត្រីថៃអនុញ្ញាតអោយនិស្សិតធ្វើបាតុកម្មនៅថ្ងៃទី១៩កញ្ញា

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចាដែលជាអតីតមេដឹកនាំរដ្ឋប្រហាឆ្នាំ២០១៤ បានអនុញ្ញាតអោយនិស្សិតប្រើប្រាស់ សួន Sanam Luang នៅទីក្រុងបាងកកដើម្បីធ្វើមហាប្រជុំ នយោបាយ។ នេះបើតាមការចុះផ្សាយរបស់ កាសែតបាកកប៉ុសិ្តនៅថ្ងៃទី១៥កញ្ញានេះ។

ក្រុមសហព័ន្ធនិស្សិតដើម្បីសេរីភាព បានប្រកាសប្រមូលផ្ដុំគ្នា ដោយឡើងមកពីតាមខេត្ត មកជួបជុំគ្នា នៅក្រុងបាងកក នៅថ្ងៃទី១៩ ខែកញ្ញា ដើម្បីបង្ហាញការតស៊ូមតិរបស់ពួកគេ ទាមទារអោយមានការរុះរើរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ កែទម្រង់របបរាជានិយមហើយទាមទារអោយមានការរំលាយសភាធ្វើការបោះឆ្នោតឡើងវិញ។ ក្រុមនិស្សិតបាតុករបានធ្វើបាតុកម្មដូចនេះ តាំងពីដើមខែសីហា។ តែត្រូវបានអាជ្ញាធរឃាឃាំងព្រោះតែ ភ័យខ្លាចការឆ្លងជំងឺកូវិដ១៩។

តាមកាសែតបានកកប៉ុស្តិ៍ រដ្ឋាភិបាលថៃ នឹងបើកអោយតំណាងបាតុករ យកញ្ញតិ្តរបស់ពួកគេ ទៅដាក់នៅរដ្ឋសភា និង ការីយាល័យនាយករដ្ឋមន្ត្រី។

អាជ្ញាធរក្រុងបាងកក បានប្រកាសថានឹងមិនមានការរារាំងបាតុករមកពីខេត្តនោះទេ ហើយក៏មិនមានការបង្រ្កាបដែរ ព្រោះបាតុករមិនមែនជាសត្រូវរបស់ ប្រទេសនោះទេ។ មានការគិតប្រមាណថានឹងមានបាតុករដែលឡើងមកពីតាមបណ្តាខេត្តនានា ប្រហែលមិនតិចជាងមួយម៉ឺននាក់នោះទេ ហើយការប្រមូលផ្ដុំម្ដងនេះ បាតុករប្រកាសថានឹងមានអ្នកចូលរួម ច្រើនម៉ឺននាក់។

ខណៈនេះនាយករដ្ឋមន្ត្រី Prayut Chan-o-cha,  បាននិយាយថា លោកយល់ព្រមអោយមានបាតុកម្មនេះ ធ្វើឡើងប៉ុន្តែត្រូវមានសណ្ដាប់ធ្នាប់ ជាពិសេស កុំបង្កអំពើហិង្សា។ លោកបញ្ជាក់ថា អាជ្ញាធរ នឹងតាមឃ្លាំមើលសកម្មភាពរបស់បាតុករគ្រប់ពេលទាំងអស់។

តែបែបនេះក្ដីទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា អាជ្ញាធរក្រុងបាងកក បានបញ្ជូនលិខិតទៅអោយថ្នាក់ដឹកនាំសាកលវិទ្យាល័យនានាដើម្បីណែនាំក្រុមនិស្សិតអោយឈប់តវ៉ាទាមទារកំណែទម្រង់របបរាជានិយម។

សមាជិកព្រឹទ្ធសភាថៃ លោក Somchai Sawangkarn បានប្រាប់ Reuters ថា លិខិតជាច្រើនច្បាប់ត្រូវបានបញ្ជូនទៅគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដោយស្នើសុំជួបប្រជុំជាមេដឹកនាំនិស្សិត មុននឹងការធ្វើបាតុកម្មតវ៉ារបស់ក្រុមនិស្សិតនៅថ្ងៃទី១៩ កញ្ញា។

ប៉ុន្តែ លោក Somchai បានអះអាថា លិខិតនេះ មិនមែនជាការហាមឃាត់បាតុកម្មឡើយ ប៉ុន្តែជាការជជែកគ្នាជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ ជុំវិញការទាមទាររបស់បាតុករ។

យ៉ាងណាលិខិតរបស់អាជ្ញាធរ បានបង្ហាញ ក្តីបារម្ភអំពីសកម្មភាពរបស់អ្នកចូលរួមបាតុកម្មមួយចំនួនដែលមានផែនការប៉ុនប៉ងផ្តួលរំលំរបបរាជានិយម ក្រោមហេតុផលទាមទារអោយលុបចោលមាត្រា១១២ ក្នុងក្រមព្រហ្មទណ្ឌថៃ ដែលផ្តន្ទាទោសដាក់គុកដល់ទៅ១៥ឆ្នាំ ចំពោះបុគ្គលណាប្រមាថព្រះមហាក្សត្រ។

ប្រភពរបស់អាជ្ញាធរក្រុងបាងកក បានបង្ហើបថា អាជ្ញាធរក៏ បានសុំបញ្ជីឈ្មោះនិស្សិតដែលអាចនឹងបង្ករឿងនៅពេលបាតុកម្មប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ។

 ការទាមទារកំណែទម្រង់របបរាជានិយមរបស់ក្រុមបាតុករនិស្សិតក៏បានទាមទារផងដែរ អោយមានការកាត់បន្ថយអំណាចព្រះមហាក្សត្រតាមរយៈរដ្ឋធម្មនុញថ្មី ការគ្រប់គ្រងទ្រព្យសម្បត្តិ និងវិស័យសន្តិសុខជាតិ។

ប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថា ការទាមទារនេះគឺ ជាផ្នែកមួយ ដែលធ្វើអោយ លោក ប្រាយុទ្ធ ព្រមានបង្ក្រាបព្រោះប៉ះពាល់ធ្ងន់ធ្ងរដល់របបរាជានិយមដែលមានអាយុកាល់យូរជាងគេនៅលើពិភពលោក។

នេះជាលើកដំបូងហើយ ដែលរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩ បានជួបបាតុកម្មរបស់និស្សិតដែលបានធ្វើឡើងជិត២ខែមកនេះ។

អ្នកសង្កេតការណ៍មើលឃើញថា បាតុកម្មនេះ គឺជាការប្រាប់ទៅលោកនាយករដ្ឋមន្ត្រីបា្រយុទ្ធថារដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយក្រុមប្រឹក្សាយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត ក្នុងរដ្ឋប្រហារឆ្នាំ២០១៤ មិនអាចជាមូលដ្ឋាននៃការពង្រឹងប្រព័ន្ធប្រជាធិបតេយ្យរបស់រាជាណាចក្រនេះបានទេព្រោះជាឧបសគ្គក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ប្រជាជននិងគ្រាន់តែជាឧបករណ៍របស់អតីតក្រុមឡើងកាន់អំណាចដោយរដ្ហប្រហារ ប៉ុណ្ណោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.