ក្រសួងការងារអនុញ្ញាតឱ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទូទាំងប្រទេសបើកដំណើរការឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យសាលាបណ្តុះ បណ្តាលជំនាញ នៅកម្ពុជាអាចបើកដំណើរការឡើងវិញ ក្រោយពេលផ្អាកដំណើរការមួយរយៈពេល ដោយសារបញ្ហាជំងឺកូវីដ១៩។

សេចក្តីណែនាំរបស់ក្រសួងដែលចុះផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា បញ្ជាក់ថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈឬ សាលាជំនាញដែលស្ថិតក្រោមឱវាទរបស់ក្រសួង ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២១ ខែកញ្ញា តទៅ។

យ៉ាងនេះក្តី ក្រសួងណែនាំថា មុននឹងអាចឲ្យគ្រឹះស្ថានទាំងនោះដំណើរការបណ្តុះបណ្តាលលើជំនាញ វិជ្ជាជីវៈដល់និស្សិតបាន គឺតម្រូវឲ្យបោសសម្អាតអនាម័យតាមបន្ទប់រៀន សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោងជាង បន្ទប់ពិសោធន៍ អាហារដ្ឋាន បង្គន់អនាម័យ សួនកម្សាន្ត ទីលានកីឡា សម្ភារប្រើប្រាស់ និង ទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ជាដើម។ 

ក្រសួងការងារ ណែនាំបន្តថា គ្រឹះស្ថានអប់រំ ត្រូវរៀបចំកៅអីអង្គុយឲ្យមានគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ និងត្រូវដាក់សិស្សឬនិស្សិតឲ្យត្រូវតាមទំហំបន្ទប់ ហើយនៅពេលចូលរៀនវិញ ទាំងគ្រូ និស្សិត បុគ្គលិក មន្ត្រីរាជការ សិក្ខាកាម ត្រូវតែពាក់ម៉ាស់ទាំងអស់គ្នា លាងដៃ និងវាស់កម្តៅជាប្រចាំ។

លើសពីនេះ ក្រសួងការងារ បានណែនាំឲ្យនិស្សិត គ្រូ បុគ្គលិក ត្រូវយកទឹកមកពីផ្ទះសម្រាប់ទទួលទាននៅសាលា។  ក្រសួងការងារ ក៏ប្រាប់គ្រឹះស្ថានទាំងនោះរាយការណ៍ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក បើមានករណីសង្ស័យពីជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៧ ខែកញ្ញា ក្រសួងអប់រំ បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាពីថ្នាក់មេត្តយ្យ ដល់ថ្នាក់មធ្យមសិក្សា ទាំងឯកជន និងរដ្ឋ បានបើកដំណើរការឡើងវិញ ក្រោយពេលរដ្ឋាភិបាលសម្រេចផ្អាកអស់រយៈពេលប្រមាណ៦ខែ ដើម្បីរួមចំណែកបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។

នៅថ្ងៃទី១៥ខែកញ្ញានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា រកមិនឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ ហើយក៏គ្មានអ្នកជាសះស្បើយដែរនៅថ្ងៃនេះ។ 

គិតចាប់តាំងពីជំងឺនេះបានផ្ទុះឡើងកម្ពុជាបានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន២៧៥ នាក់ ខណៈអ្នកជំងឺដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន២៧៤នាក់ និងអ្នកជំងឺម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.